ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាគ្រប់គ្រងដោយយោធា លោក Myint Swe បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងក្រសួងការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពនេះបានស្ថិតនៅក្នុងហានិភ័យ នៃការបែកបាក់មួយផ្នែក ដោយសារតែ ការគ្រប់គ្រងគ្មានប្រសិទ្ធភាពនៃអំពើហិង្សាកាលពីពេលថ្មីៗនេះ នៅតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន។

យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រឈមមុខបញ្ហាធំបំផុតចំពោះអំណាចរបស់ខ្លួន ចាប់តាំងពីយោធា ដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដោយការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគីតិច និងកងកម្លាំងបដិវត្តន៍ ទៅលើមូលដ្ឋានយោធារាប់រយកន្លែង នៅភាគខាងជើង ឦសាន ភាគពាយព្យ និងនៅភាគអាគ្នេយ៍ប្រទេស។

នៅភាគឦសាន យោធាបានបាត់បង់ការគ្រប់គ្រងទីក្រុងពាណិជ្ជកម្មតាមព្រំដែនមួយចំនួន ជាមួយប្រទេសចិន។
រដ្ឋាភិបាលចិន បានអះអាងនៅក្នុងសប្តាហ៍នេះថា មានជនជាតិចិនស្លាប់និងរងរបួស ដោយសារយុទ្ធភ័ណ្ឌយោធា ហួសចូលមកព្រំដែន។