ប្រទេសរុស្សី កំពុងព្យាយាមប្រមូលយកមកវិញនូវអាវុធមួយចំនួន ដែលខ្លួនបាននាំចេញទៅកាន់ប្រទេសមួយចំនួន ដូចជា ប៉ាគីស្ថាន អេហ្ស៊ីប បេឡារុស និងប្រេស៊ីល។

ប្រភពចំនួនបី បានប្រាប់សារព័ត៌មាន The WSJ ថា កាលពីខែមេសាកន្លងទៅ គណៈប្រតិភូមន្ត្រីរុស្ស៊ី ដែលបានទៅទស្សនកិច្ចនៅទីក្រុងគែរ បានស្នើឲ្យប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ប្រគល់ម៉ាស៊ីនជាងមួយរយគ្រឿងពីឧទ្ធម្ភាគចក្ររុស្ស៊ី ដែលទីក្រុងម៉ូស្គូ ត្រូវការសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ប្រភពទាំងនោះ បានឲ្យដឹងថា លោក Sisi បានយល់ព្រម ហើយការដឹកជញ្ជូនម៉ាស៊ីនប្រហែល ១៥០ គ្រឿង ទំនងជានឹងចាប់ផ្តើម នៅខែក្រោយ។
កិច្ចពិភាក្សាទាំងនោះ គឺជាផ្នែកមួយនៃការជំរុញរុស្ស៊ីធំជាងមុន ដើម្បីស្វែងរកជំនួយពីអតិថិជនអាវុធដ៏យូរអង្វែងរបស់ខ្លួន ដែលអស់ជាច្រើនទសវត្សរ៍ បានទិញយន្តហោះរុស្ស៊ី មីស៊ីល និងប្រព័ន្ធការពារដែនអាកាស ដែលធ្វើឲ្យទីក្រុងម៉ូស្គូ ក្លាយជាប្រទេសនាំចេញអាវុធធំទីពីររបស់ពិភពលោក។
រយៈពេលពេញមួយឆ្នាំ ប្រទេសរុស្ស៊ី បានពិភាក្សាជាមួយមន្ត្រីមកពីប៉ាគីស្ថាន បេឡារុស និងប្រេស៊ីល ដើម្បីព្យាយាមទិញកាំភ្លើងធំសម្រាប់ការវាយប្រហារ និងឧទ្ធម្ភាគចក្រដឹកជញ្ជូនជាច្រើនគ្រឿងរបស់រុស្ស៊ី ដែលកងកម្លាំងរបស់ខ្លួន បានបាត់បង់ដោយសារប្រព័ន្ធការពាររបស់អ៊ុយក្រែននៅពេលសង្រ្គាមចាប់ផ្តើម។
ប្រភពចំនួនពីរ រួមទាំងអតីតមន្ត្រីចារកម្មរុស្ស៊ី បានប្រាប់សារព័ត៌មាន WSJ អំពីរឿងនេះ។ ប្រភពទាំងនេះ រាយការណ៍ថា ប្រទេសរុស្ស៊ី កំពុងព្យាយាមដោយសម្ងាត់ ដើម្បីទិញត្រឡប់មកវិញនូវអ្វីដែលខ្លួនបានលក់ទៅ «អតិថិជន» របស់ខ្លួន មុននេះ។