ស៊ីរ៉ី ៖ ភាពតានតឹងនៅក្នុងភូមិតាមព្រំដែនប្រទេសស៊ីរី កំពុងកើនឡើង ខណៈជម្លោះកាន់តែខ្លាំងក្លារវាងប្រទេសជិតខាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ទំនងជារាលដាលចូលក្នុងប្រទេស។
ខេត្តគូនីត្រា (Quneitra) ភាគខាងត្បូងនៃប្រទេសស៊ីរី ដែលជាតំបន់មានប្រជាជនតិចនៅជិតតំបន់ភ្នំ ហ្គូឡាន (Golan) កាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានវាយប្រហារដោយភាគីអ៊ីស្រាអែល ចំនួន ៤ដងចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ជាមួយនឹងឃ្លាំងអាវុធក្នុងស្រុក និងប្រព័ន្ធរ៉ាដាជាច្រើនត្រូវបានវាយប្រហារ។
ភូមិមួយនៅជាប់ខ្សែបន្ទាត់ព្រំដែន បានស្ថិតក្រោមការវាយប្រហារជាច្រើនដងកាលពីខែមុន ដោយផ្នែកនៅក្នុងព្រំដែនស៊ីរី ត្រូវបានវាយប្រហារដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល ហើយផ្នែកនៅក្នុងព្រំដែនអ៊ីស្រាអែល ត្រូវបានបាញ់ដោយគ្រាប់រ៉ូកែតពីភាគខាងត្បូងប្រទេសលីបង់។
យោងតាមអ្នកភូមិ និងក្រុមមន្ត្រីយោធាស៊ីរី ភូមិព្រំដែនជាច្រើនត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយអ៊ីស្រាអែល ហើយវត្ថុផ្លាស់ទីណាមួយដែលគេចាត់ទុកថាគួរឱ្យសង្ស័យ គឺអាចនឹងរងការវាយប្រហារ។
រដ្ឋាភិបាលស៊ីរី មិនទាន់មានប្រតិកម្មអ្វីជាដុំកំភួនចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនោះទេ បន្ទាប់ពីអ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានស៊ីរី និងបានព្រមានរដ្ឋាភិបាលប្រទេសនេះ កុំឱ្យចូលរួមក្នុងសង្គ្រាម៕

