ប់ាណាម៉ា ៖ ភាពតានតឹងសង្គមបានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសប៉ាណាម៉ា កាលពីថ្ងៃពុធ (០៨ វិច្ឆិកា) បន្ទាប់ពីមនុស្សពីរនាក់ ដែលចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារ ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់។
ព្រះរាជអាជ្ញារដ្ឋបាននិយាយនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់នេះ។
ហេតុការណ៍នោះកើតឡើងនៅពេលដែលការតវ៉ាតាមដងផ្លូវដោយប្រជាជនប៉ាណាម៉ា រាប់ពាន់នាក់ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅ ជុំវិញកិច្ចសន្យារុករករ៉ែថ្មីមួយ ដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនរុករករ៉ែ FQM របស់ប្រទេសកាណាដា បានធ្វើឱ្យមានការមិនសប្បាយចិត្តកាន់តែខ្លាំងជាមួយនឹងរដ្ឋាភិបាល។
កិច្ចសន្យាថ្មីដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២០ ខែតុលា ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលរបស់ប៉ាណាម៉ា ហើយផ្តល់ឱ្យក្រុមហ៊ុនរ៉ែ FQM នូវសិទ្ធិរុករករ៉ែរយៈពេល ២០ឆ្នាំជាមួយនឹងជម្រើសដើម្បីបន្តរយៈពេល ២០ឆ្នាំទៀត ជាថ្នូរនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៧៥លានដុល្លារ ដល់ប៉ាណាម៉ា៕

