ជប៉ុន ៖ កោះថ្មីបំផុតរបស់ពិភពលោកមួយ បានងើបឡើងពីសមុទ្រនៅឆ្នេរនៃកោះ អ៊ីវ៉ូ ជីម៉ា (Iwo Jima) របស់ជប៉ុន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រាប់សារព័ត៌មាន CNN ថា កោះដែលមិនមានឈ្មោះនោះត្រូវបានបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងក្រោមសមុទ្រ។
ការងើបឡើងពីមហាសមុទ្ររបស់កោះនេះ ត្រូវបានកត់ត្រានៅក្នុងរូបភាពដែលថតដោយកងកម្លាំងស្វ័យការពារដែនសមុទ្រ របស់ប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែវិច្ឆិកា។ រូបថតទាំងនោះបង្ហាញពីការផ្ទុះតូចមួយ ដែលបណ្ដាលឲ្យមានពពកផ្សែងដ៏ខ្មៅងងឹតហុយឡើងពីលើកោះតូចមួយ ដែលឥឡូវនេះជាផ្នែកមួយនៃខ្សែសង្វាក់កោះ អូហ្កាសាវ៉ារ៉ា (Ogasawara)។
ទីភ្នាក់ងារឧតុនិយម JMA បាននឹងកំពុងកត់ត្រាសកម្មភាពភ្នំភ្លើងនៅក្នុងតំបន់នេះតាំងពីឆ្នាំមុន ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវរញ្ជួយដីនៃសាកលវិទ្យាល័យតូក្យូ បានបញ្ជាក់ថា ការផ្ទុះភ្នំភ្លើង ដែលបង្កើតបានជាកោះថ្មីនោះបានកើតឡើងនៅថ្ងៃទី៣០ ខែតុលា។
កោះថ្មីនេះស្ថិតនៅចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃប្រទេសជប៉ុនដីគោក និងមួយគីឡូម៉ែត្រពីកោះ អ៊ីវ៉ូ ជីម៉ា ជាទីដែលបានឃើញការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយចំនួន នៃសង្គ្រាមលោកលើកទី២ នៅតំបន់ប៉ាស៊ីហ្វិក៕

