
ដោយចង់ស្វែងរកការរារាំងដំណើររបស់លោក Donald Trump ឆ្ពោះទៅកាន់ការទទួលបានការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បេក្ខជនចំនួន ៥រូប បានចូលរួមក្នុងការជជែកដេញដោលលើកទី៣ របស់ពួកគេ កាលពីថ្ងៃពុធ (៨ ខែវិច្ឆិកា) នៅទីក្រុង Miami រដ្ឋ Florida ជាកន្លែង ដែលពួកគេ បានបង្ហាញការខកចិត្តរបស់ខ្លួន ដោយសារចាញ់ឆ្នោតយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) ក្រោមដៃរបស់គណបក្សប្រជាធិបតេយ្យ។
ដោយទម្លាក់កំហុសទៅលើលោក Trump បេក្ខជន ១រូប គឺលោក Ron DeSantis បាននិយាយថា៖ «គាត់បាននិយាយថា គណបក្សសាធារណរដ្ឋនឹងហត់នឿយ ជាមួយនឹងការទទួលបានជ័យជម្នះ។ តែយើងបានឃើញកាលពីយប់មិញហើយ ខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងបរាជ័យរបស់គណបក្សសាធារណរដ្ឋ»។
អតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley បាននិយាយថា គាត់គឺជាមនុស្សដ៏ត្រឹមត្រូវ សម្រាប់ការងារនៅពេលគាត់ធ្វើជាប្រធានាធិបតី ប៉ុន្តែពេលវេលារបស់គាត់បានកន្លងផុតទៅហើយ។ បន្ទាប់មកលោកស្រីបានវាយប្រហារទៅអតីតប្រធានាធិបតី ជុំវិញការបន្ទន់ឥរិយាបទគាំទ្ររបស់លោក សម្រាប់ប្រទេសអ៊ុយក្រែន ដោយនិយាយថា លោកបាន«ចុះញ៉ម»។
ក្នុងកម្មវិធីជជែកដេញដោលនេះ ឃើញថា បេក្ខជនម្នាក់ទៀត គឺសហគ្រិន លោក Vivek Ramaswamy បានវាយប្រហារទាំងលោកស្រី Haley និងលោក DeSantis។ លោក Ramaswamy និង Haley បានដេញដោលគ្នាយ៉ាងក្តៅគគុកអំពីថា តើសហរដ្ឋអាមេរិកគួរតែបន្តផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ឬយ៉ាងណា។ ដោយលើកពីហេតុផល ដែលលោក Ramaswamy ប្រឆាំងនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន លោកស្រី Haley បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping កំពុងមានការស្រេកឃ្លានយ៉ាងខ្លាំងចង់ឲ្យនរណាម្នាក់ ដូចលោក Ramaswamy ក្លាយជាប្រធានាធិបតី៕