
សហជីពរបស់តារាសម្ដែង SAG-AFTRA កាលពីថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) បានឲ្យដឹងថា សហជីពបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយបណ្ដាស្ទូឌីយោរបស់ហូលីវូដ ដើម្បីដោះស្រាយបញ្ចប់ការតវ៉ាទី២ ក្នុងចំណោមកូដកម្មចំនួន២ ដែលបានប៉ះពាល់ឧស្សាហកម្មកម្សាន្ត ខណៈដែលបុគ្គលិកទាមទារប្រាក់ឈ្នួលខ្ពស់ ក្នុងយុគសម័យទូរទស្សន៍តាមប្រព័ន្ធអ៊ីធឺណិតនេះ។
បណ្ដាសមាជិកនៃហជីព SAG-AFTRA បានឈប់ពីការងារ កាលពីពាក់កណ្តាលខែកក្កដា ដោយស្នើសុំឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ទទួលបានចំណែកនៃប្រាក់ចំណូលពីសេវាប្រព័ន្ធអ៊ីនធឺណិត និងផ្ដល់ការការពារពីការជំនួសដោយ «ការចម្លងឌីជីថល» ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។
សហជីពបានប្រាប់ថា អ្នកចរចាបានឈានដល់កិច្ចព្រមព្រៀងបឋមលើកិច្ចសន្យាថ្មីជាមួយសម្ព័ន្ធអ្នកផលិតរូបភាព និងទូរទស្សន៍ (AMPTP) ដែលតំណាងឲ្យក្រុមហ៊ុន Walt Disney ក្រុមហ៊ុន Netflix និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
ការបំបែកបានភាពទាល់ច្រកនេះ មានន័យថា ក្រុមហ៊ុនហូលីវូដអាចបង្កើនការផលិតពេញលេញជាលើកដំបូង គិតចាប់តាំងពីខែឧសភា នៅពេលដែលសមាជិករបស់សហជីពបោះឆ្នោតផ្តល់ការយល់ព្រមលើកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕