
ក្រសួងការបរទេសទួរគី បាននិយាយថា របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការអឺរ៉ុបស្តីពីសមាជិកភាពសហភាពអឺរ៉ុបដែលជាប់គាំងយូររបស់ប្រទេសទួរគី គឺ «អយុត្តិធម៌ និងលម្អៀង» ។
របាយការណ៍របស់ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានរិះគន់«ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ»របស់ប្រទេសទួរគីលើស្តង់ដាប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងឯករាជ្យភាពរបស់តុលាការ។
ក្រសួងការបរទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងច្រានចោលទាំងស្រុងនូវការអះអាងដែលគ្មានមូលដ្ឋាន និងការរិះគន់ដោយអយុត្តិធម៌ ជាពិសេសលើលក្ខណៈវិនិច្ឆ័យនយោបាយ និងជំពូកស្តីពីសិទ្ធិតុលាការ និងសិទ្ធិជាមូលដ្ឋាន»។
គណៈកម្មាការនេះ ក៏បាននិយាយផងដែរថា ប្រទេសទួរគី មិនបានគោរពតាមគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ។