
សេតវិមាន បាននិយាយថា រថយន្តជំនួយមនុស្សធម៌ជាង ៨០គ្រឿង បានចូលក្នុងតំបន់ហ្គាហ្សាស្រ្ទីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយពលរដ្ឋអាមេរិកប្រហែលពី ៥០០នាក់ ទៅ ៦០០នាក់ នៅមិនទាន់អាចចាកចេញពីតំបន់ឡោមព័ទ្ធរបស់ប៉ាឡេស្ទីនមួយនេះនៅឡើយទេ ។
លោក John Kirby គឺជាអ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងដឹងថា ពួកយើងមានពលរដ្ឋ ៤០០នាក់ ឬពលរដ្ឋច្រើនជាងនេះ បានចាកចេញពីតំបន់ហ្គាហ្សាមកទល់នឹងពេលនេះ តែនៅសល់ពលរដ្ឋប្រហែលពី ៥០០នាក់ ទៅ ៦០០នាក់ទៀត ពេលអ្នករាប់ចំនួនសមាជិកគ្រួសារនៅទីនោះ ដែលពុំទាន់បានចាកចេញ ។
លោកថា គ្រាន់តែធ្វើបច្ចុប្បន្នភាពពីការឆ្លងកាត់ព្រំដែននៅទីក្រុង Rafah ក្នុងរយៈពេលជាង ២៤ម៉ោងកន្លងមកនេះ មានរថយន្តជាង ៨០គ្រឿងដឹកជំនួយមនុស្សធម៌ អាចចូលទៅក្នុងតំបន់ហ្គាហ្សា ដែលធ្វើឲ្យចំនួនរថយន្តសរុបកើនឡើងដល់ ៦៥០គ្រឿង ។ ម្តងនេះ នៅមិនទាន់គ្រប់គ្រាន់នោះទេ ។ ពួកយើងនឹងបន្តធ្វើការដើម្បីជំរុញឲ្យរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ។
លោក Kirby បន្តថា លោកនាយករដ្ឋមន្រ្តី Netanyahu និយាយពីរយៈពេលមិនកំណត់ ជាទីដែលពួកគេនៅលើដីគោក ។ ខ្ញុំគិតថា គាត់ចង់សំដៅលើទស្សនៈការពិតដែលថាក្នុងលទ្ធផលបន្ទាន់នៃជម្លោះ វាត្រូវតែសាទរសម្រាប់រយៈពេលខ្លះបែបនេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) នៅត្រូវរុលចូលតំបន់ហ្គាហ្សា ដើម្បីគ្រប់គ្រងលទ្ធផលបន្ទាន់ ហើយនិងស្ថានភាពសន្តិសុខ ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ ជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ បានដើរចេញពីតំបន់ភាគខាងជើងហ្គាហ្សា ដើម្បីស្វែងរកទីជម្រកគេចចេញពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ហើយនិងការប្រយុទ្ធគ្នាជើងគោកដ៏ខ្លាំងក្លារវាងទាហានអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ៕