
ប្រជាជនទីក្រុងញូវឌេលី បានភ្ញាក់ពីដំណេកឃើញផ្ទៃមេឃគ្របដណ្តប់ដោយផេះ និងស្រទាប់ក្រាស់នៃផ្សែងអ័ព្ទដ៏គួរឱ្យព្រួយបារម្ភសម្រាប់រយៈពេល ១០ថ្ងៃជាប់ៗគ្នា នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកានេះ ។
អ្នកជំនាញបានព្រមាន អំពីជំងឺរយៈពេលវែង និងការស្លាប់ ប្រសិនបើការកង្វក់ខ្យល់ ធ្ងន់ធ្ងរបែបនេះ នៅតែបន្តកើតមាន។ ទីក្រុងនេះ បានបិទសាលារៀនទាំងអស់ បញ្ឈប់សកម្មភាពសាងសង់ ហើយនឹងដាក់ការរឹតត្បិតលើការប្រើប្រាស់យានយន្ត។
គុណភាពខ្យល់ បានធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនជារៀងរាល់ឆ្នាំមុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់ រារាំងការបំពុលបរិយាកាសពីប្រភពនានា រួមទាំងយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតសំណល់កសិកម្ម។ ទីក្រុងញូវឌេលី ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលមានការបំពុលច្រើននៅលើពិភពលោក ជារៀងរាល់ឆ្នាំ។
រូបភាពពីយានដ្រូននៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញផ្លូវថ្នល់ និងអគារនានាក្នុងទីក្រុងញូវឌេលី គ្របដណ្តប់ដោយផ្សែងអ័ព្ទពុល ខណៈគុណភាពខ្យល់នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាឈានដល់កម្រិត «គ្រោះថ្នាក់»។ ដោយផ្អែកលើការអនុម័តច្បាប់ និងលក្ខខណ្ឌអាកាសធាតុ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងតំបន់ បាននិយាយថា អាជ្ញាធរនឹងព្យាយាមបង្កើតទឹកភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា។