
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) នេះ បាននិយាយថា លោក និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងរួមគ្នាអំពីកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងជាលំដាប់រវាងកូរ៉េខាងជើង និងរុស្ស៊ី។
លោក Blinken និងលោក Park ក៏បាននិយាយផងដែរថា ពួកគេបានពិភាក្សាពីការធ្វើការរួមគ្នា ដើម្បីអនុវត្តនូវអ្វី ដែលគេហៅថា យុទ្ធសាស្ត្រទប់ស្កាត់បន្ថែម ដើម្បីប្រឆាំងទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង និងការបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសជប៉ុន។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសនូវអ្វី ដែលប្រទេសទាំង៣ លើកឡើងថា ជាលំហូរនៃអាវុធ និងឧបករណ៍យោធាពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ដោយនិយាយថា ការចរាចរណ៍ទំនិញពីរដ្ឋឯកោទៅកាន់រុស្ស៊ី គឺជាភស្តុតាងយ៉ាងជាក់ស្ដែង។
អំឡុងកិច្ចចរចាទ្វេភាគី សមាជិកក្រុមពលរដ្ឋប្រហែល ៣០នាក់ បានតវ៉ានៅមុខក្រសួងការបរទេសកូរ៉េខាងត្បូង ដើម្បីទាមទារឲ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះអ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា៕