អុីស្រាអែល ៖ កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុងជាច្រើន និងជំរំជនភៀសខ្លួនមួយកន្លែងស្ថិតនៅជិតទីក្រុង Ramallah នៃតំបន់វ៉េសប៊ែង ។
ជម្លោះបានផ្ទុះឡើង អំឡុងការវាយឆ្មក់នោះ ពេលដែលជនប៉ាឡេស្ទីន បានចោលដុំថ្មលើកងកម្លាំងអ៊ីស្រាអែល ស្របពេលដែលពួកគេបានឆ្លើយតបវិញជាមួយនឹងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។
គ្មានសេចក្តីថ្លែងការណ៍ណាមួយ ត្រូវបានចេញដោយកងទ័ពអ៊ីស្រាអែលនោះទេ ជុំវិញការវាយឆ្មក់នេះ ។
ដោយឡែក កាលពីថ្ងៃម្សិលមិញ កងកម្លាំងអ៊ីស្រាអែល រួមមានទាំងនគរបាលព្រំដែន និងកងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ជំរំជនភៀសខ្លួន Shufat ស្ថិតនៅក្នុងទីក្រុងហ៊្សេរុយសាឡឹមនៅព្រឹកថ្ងៃពុធ ដើម្បីកម្ទេចផ្ទះមួយខ្នងជាសម្បត្តិរបស់គ្រួសារយុវជនប៉ាឡេស្ទីនវ័យ ១៤ឆ្នាំម្នាក់ ដែលបានបើកការវាយប្រហារដោយកាំបិតទៅលើមន្រ្តីនគរបាល កាលពីខែកុម្ភៈកន្លងទៅ ។
នគរបាល និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែកុម្ភៈថា យុវជនប៉ាឡេស្ទីន Mohammad Zalabani វ័យ ១៤ឆ្នាំ បានដេញចាក់មន្រ្តីនគរបាលព្រំដែនអ៊ីស្រាអែលម្នាក់ ហើយសន្តិសុខអ៊ីស្រាអែលដែលនៅកន្លែងកើតហេតុ បានបាញ់ខ្មាន់កាំបិតនោះ តែបាញ់ខុសក៏ត្រូវចំមន្រ្តីនគរបាលខ្លួនឯង បណ្តាលឲ្យគាត់ស្លាប់ដោយសាររបួស ។ យុវជនប៉ាឡេស្ទីនម្នាក់នោះ ត្រូវបានចាប់ខ្លួន ៕

