ឥណ្ឌូនេស៊ី ៖ កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកកម្លាំង ១៩២មេហ្គាវ៉ាត់ នៅលើអាងស្តុបទឹកក្នុងខេត្តជ្វាខាងលិច ដែលជារោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងជាផ្នែកមួយនៃកិច្ចខិតខំបង្កើនប្រភពថមពលបង្កើតថ្មី និងប្តូរពីការប្រើប្រាស់ធ្យូងថ្ម ។
គម្រោងចំណាយថវិកាអស់ ១០៨,៧លានដុល្លារនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PLN Nusantara Power ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនអគ្គិសនីរដ្ឋ Perusahaan Listrik Negara (PLN) របស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនថាមពលបង្កើតថ្មី Masdar របស់អារ៉ាប់រួម ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនវិនិយោគទុន Mubadala ។
ហេដ្ឋារចនាសម្ព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលបានសាងសង់លើអាងស្តុបទឹក Cirata ស្ថិតនៅចម្ងាយ ១០៨គ.មភាគអាគ្នេយ៍រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីមួយនេះ គឺជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតលំដាប់ទី ៣នៅលើពិភពលោក ។
ថាមពលបង្កើតថ្មីនេះដែរ ស្មើនឹង ១២,៣ភាគរយនៃការប្រើប្រាស់ថាមពលសរុបរបស់ឥណ្ឌូនេស៊ីប្រចាំឆ្នាំ ២០២២ ហើយលោក Jokowi និយាយថា គោលដៅថាមពល ២៣ភាគរយនៅឆ្នាំ ២០២៥ ប្រហែលជាត្រូវខកខាន ។
លោក Jokowi បាននិយាយថា លោកបាននិយាយផងដែរជាមួយរដ្ឋមន្រ្តីអារ៉ាប់រួមលោក Thani bin Ahmed Al Zeyoudi ថា នេះនឹងត្រូវបង្កើនប្រហែល ៥០០មេហ្គាវ៉ាត់ ហើយពួកយើងសង្ឃឹមថា ប្រភពថាមពលបង្កើតថ្មីថ្មីកាន់តែច្រើន នឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសរបស់ពួកយើង គឺប្រទេសឥណ្ឌូនេស៊ី ដែលជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី ថាមពលកំដៅក្នុងផែនដី និងថាមពលខ្យល់ ។ លោកបន្តថា បើសិនជាវាបន្តធ្វើបានបែបនេះ វាជាការល្អប្រសើរខ្លាំងណាស់ ៕

