អាមេរិក ៖ រដ្ឋមន្រ្ដីការពារជាតិអាមេរិក លោកឡយ អូស្ទីន បានអញ្ជើញដល់រដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក។
រដ្ឋមន្រ្ដីកាបរទេសអាមេរិក លោកអង់តូនី ប្ល៊ីងខិន និងរដ្ឋមន្រ្ដីការពារជាតិលោកឡយ អូស្ទីន នឹងបើកកិច្ចពិភាក្សាជាមួយឥណ្ឌា ដែលក្រុមមន្រ្ដីនិយាយថា នឹងផ្ដោតទៅលើការប្រឈមផ្នែកសន្ដិសុខ នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក និងការព្រួយបារម្ភអំពីប្រទេសចិន ជាជាងសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា និងអ៊ុយក្រែន។
កិច្ចពិភាក្សាក្នុងក្រុងញូវដេលី នៅថ្ងៃសុក្រស្អែកនេះជាមួយរដ្ឋមន្ត្រីកាបរទេសឥណ្ឌា លោកស៊ូប្រាម៉ានីយ៉ាំ ចាយសាំងកា និងរដ្ឋមន្រ្ដីការពារជាតិ លោករ៉ាណាត់ ស៊ីង គឺជាផ្នែកនូវអ្វីដែលគេហៅថា ការសន្ទនាពីរបូកពីរ (២+២) ដែលបានចាប់ផ្ដើមធ្វើឡើងកាលពីឆ្នាំ២០១៨ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការ និងស្របតាមគោលនយោបាយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ប្រទេសទាំងពីរ កំពុងធ្វើការទៅលើកិច្ចព្រមព្រៀងដើម្បីឲ្យសហរដ្ឋអាមេរិកផ្គត់ផ្គង់ និងផលិតម៉ាស៊ីនផលិតសម្រាប់យន្ដហោះចម្បាំងឥណ្ឌា យានដ្រូនបង្ហាញគោលដៅប្រភេទMQ-9 ហើយនិងម៉ាស៊ីនផលិតបន្ទះអេឡិចត្រូនិក។

