អង់គ្លេស ៖ វិវាទរវាងរដ្ឋាភិបាលអង់គ្លេសជាមួយមេនគរបាលក្រុងឡុងដ្រ៍ កាន់តែក្ដៅឡើងៗ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ជុំវិញការដោះស្រាយលើការហែក្បួនគាំទ្រប៉ាឡេស្ទីន នៅចុងសប្តាហ៍នេះ ដោយរដ្ឋាភិបាល បានចោទមន្ត្រីរបស់ខ្លួនថា បានបន្ទន់ជំហរ ចំពោះបុព្វហេតុឆ្វេងនិយម។
គម្រោងនៃការដើរហែក្បួនតវ៉ា នៅទីក្រុងឡុងដ្រ៍ នៅថ្ងៃប្រារព្ធទិវាយុទ្ធសន្តិភាព នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានបង្កឲ្យមានវិវាទ រវាងរដ្ឋាភិបាល និងនគរបាល ដោយនាយករដ្ឋមន្ត្រីលោក Rishi Sunak បាននិយាយថា លោកនឹងឲ្យកងកម្លាំងទទួលខុសត្រូវ ចំពោះការកើតឡើងនូវបញ្ហាណាមួយ បន្ទាប់ពីស្ថាប័ននេះ បានប្រាប់ថា មិនមានហេតុផលគ្រប់គ្រាន់ ដើម្បីហាមប្រាមការដើរក្បួននោះ។
ទីក្រុងឡុងដ្រ៍ គឺជាកន្លែងសម្រាប់ធ្វើបាតុកម្មដ៏ធំបំផុតមួយចំនួន នៅតំបន់អឺរ៉ុប គិតចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយមានអ្នកដើរក្បួនតវ៉ារាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅចុងសប្តាហ៍ ដើម្បីទាមទារឲ្យបញ្ចប់ការទម្លាក់គ្រាប់បែកសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
លោក Sunak បានហៅការហែក្បួននេះថា មិនគោរពច្បាប់ ប៉ុន្តែស្នងការនគរបាលលោក Mark Rowley បាននិយាយថា ការហាមឃាត់ណាមួយនឹងតម្រូវឲ្យមានការស៊ើបការណ៍សម្ងាត់ពីការគំរាមកំហែងនៃការបង្កឲ្យមានភាពច្របូកច្របល់ធ្ងន់ធ្ងរ ហើយថា ការហាមឃាត់បែបនេះមិនត្រូវបានអនុវត្តអស់រយៈពេល ១ទសវត្សរ៍មកហើយ៕
