ហ្វីលីពីន ៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) បាននិយាយថា ហ្វីលីពីននឹងបញ្ជេញនាវាល្បាតឆ្នេរសមុទ្រចំនួន ៥គ្រឿង ដែលមានតម្លៃកន្លះពាន់លានដុល្លារ តាមរយៈកម្ចីរបស់រដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពល្បាតរបស់ខ្លួន នៅក្នុងដែនទឹក ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។
ទីក្រុងម៉ានីលបានប្រកាសពីគម្រោងនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបានសន្យានៅក្នុងសុន្ទរកថាថា ប្រទេសជប៉ុននឹង «បន្តរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពការពារសន្តិសុខរបស់ប្រទេសហ្វីលីពីន»។
ហ្វីលីពីនបាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវគុណវុឌ្ឍិការពារសន្តិសុខដែនសមុទ្ររបស់ខ្លួន និងបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងសកម្មភាពឈ្លានពានរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង រួមទាំងតំបន់ជម្លោះផ្សេងទៀតរបស់ប្រទេសជិតខាងទាំង២ ផងដែរ។
រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ចលោក Arsenio Balisacan បានប្រាប់អ្នកយកព័ត៌មានថា នាវាប្រវែង ៩៧ម៉ែត្រចំនួន ៥គ្រឿង នឹងត្រូវបានប្រគល់ជូន នៅចន្លោះឆ្នាំ២០២៧ ដល់ឆ្នាំ២០២៨ ដោយមានចំណែកនៃមូលនិធិតម្លៃ ២៩,៣ពាន់លានប៉េសូ (៥២៥លានដុល្លារអាមេរិក) ដែលខ្ចីពីទីក្រុងតូក្យូ។
ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវតំបន់ ក្នុងសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារ ឆ្លងកាត់តាមផ្លូវទឹកនោះជារៀងរាល់ឆ្នាំ ហើយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកនេះ មិនបានអើពើនឹងសេចក្តីសម្រេចអន្តរជាតិឆ្នាំ២០១៦ ដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់នោះ។ ទីក្រុងប៉េកាំងដាក់ពង្រាយឆ្មាំល្បាតឆ្នេរសមុទ្ររាប់រយនាក់ និងនាវាផ្សេងទៀតជាច្រើនគ្រឿង នៅក្នុងដែនទឹកដែលមានជម្លោះ ដើម្បីអនុវត្តការទាមទាររបស់ខ្លួន៕

