ទីប្រឹក្សាយោធាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការមានដំណោះស្រាយយ៉ាងឆាប់រហ័ស ចំពោះការប្រយុទ្ធ នៅតំបន់ហ្កាហ្សា អាចជួយរារាំងភាពច្របូលច្របល់ជនស៊ីវិល ដែលជាកត្តាអាចនឹងជំរុញឲ្យក្លាយជាចំណែកដ៏ធំរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ឧត្តមសេនីយ៍ លោក Charles Q. Brown ដែលជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយថា គោលបំណងដែលបានបញ្ជាក់របស់អ៊ីស្រាអែល សម្រាប់យុទ្ធនាការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ពោលគឺជាការកម្ចាត់ចោលទាំងស្រុងនូវក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងដែនដីនេះ គឺជា «ទិសដៅរាងធំ»។ ប៉ុន្តែលោកក៏បាននិយាយដែរថា អ៊ីស្រាអែលបានផ្តោតលើការកំណត់គោលដៅថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស ដែលអាចនឹងសម្រេចបានលឿនជាងនេះ។
ក្នុងសុន្ទរកថាលម្អិតដំបូងរបស់លោកអំពីជម្លោះ ដែលមានរយៈពេល ១ខែហើយនោះ លោក Brown បានប្រាប់អ្នកសារព័ត៌មានមុនចាកចេញទៅប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំគិតថា ការប្រយុទ្ធ មានរយៈពេលកាន់តែយូរ ភាពលំបាក ក៏កាន់តែមានខ្លាំងឡើងដែរ»។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយលុកផ្លូវគោក និងផ្លូវអាកាសប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីខ្មាន់កាំភ្លើងបានឆ្លងពីតំបន់ហ៊ុមព័ទ្ធតូចមួយចូលទៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ជាចំណាប់ថ្នូរប្រហែល ២៤០នាក់ទៀត។ ចំណែកមន្ត្រីប៉ាឡេស្ទីនបានប្រាប់ថា អ្នកស្រុកតំបន់ហ្កាហ្សា ១០.៦៦៩នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) ដោយប្រហែល ៤០ភាគរយជាកុមារ ហើយវិបត្តិមនុស្សធម៌ កំពុងតែធ្ងន់ធ្ងរទៅៗ៕

