រថយន្តផ្ទុកជំនួយផ្គត់ផ្គង់មនុស្សធម៌សំដៅចូលទៅក្នុងតំបន់ហ្កាហ្សា បានកំពុងដំណើរការនៅច្រកឆ្លងកាត់ព្រំដែន នីត ហ្សាណា (Nitzana) កាលពីថ្ងៃព្រហស្បតិ៍ទី៩វិច្ឆិកា បន្ទាប់ពីអ៊ីស្រាអែលអនុញ្ញាតឲ្យដឹកជញ្ជូនជំនួយចូលក្រោមការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង ប្រទេសអេហ្ស៊ីប។

សុនខស្រង់ក្លិន និងវិធីសាស្ត្រសន្តិសុខផ្សេងទៀត ត្រូវបានប្រើប្រាស់ដើម្បីត្រួតពិនិត្យការដឹកជញ្ជូនជំនួយទាំងនោះ មុនពេលអនុញ្ញាតឲ្យចូលទៅតំបន់ហ្កាហ្សា។
ប្រធានសម្របសម្រួល និងទំនាក់ទំនងសម្រាប់តំបន់ហ្កាហ្សារបស់យោធាអ៊ីស្រាអែល លោក វរសេនីយ៍ឯក មូសេ តេត្រូ បាននិយាយថា រថយន្តដឹកស្បៀងអាហារ ទឹក និងជំនួយផ្គត់ផ្គង់មនុស្សចំនួន៧០០គ្រឿង កំពុងសំដៅចូលក្នុងតំបន់ហ្កាហ្សា។

នៅសន្និសីទសារព័ត៌មានខ្លីមួយលោកបាននិយាយថា អ៊ីស្រាអែល បានជួសជុលបំពង់បង្ហូរទឹកចំនួន២ ចូលទៅហ្កាហ្សា បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់រ៉ូកែតក្រុមហាម៉ាស។ លោកក៏បាននិយាយផងដែរថា មានប្រេងឥន្ធនៈគ្រប់គ្រាន់ក្នុងតំបន់ហ្កាហ្សា។
លោក តេត្រូ បានព្រមានក្រុមហាម៉ាស កុំប្រើប្រាស់ជំនួយមនុស្សធម៌ជាផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ និងបាននិយាយថា ក្រុមហាម៉ាស នៅតែព្យាយាមរារាំងប្រជាពលរដ្ឋមិនឲ្យចាកចេញពីភាគខាងជើង ចូលទៅភាគខាងត្បូង៕