
ភ្នំពេញ៖ សម្ដេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ និងដាស់តឿន ដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបង្កើនជំនាញប្រឆាំងអំពើភេរវកម្មឱ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ខណៈសព្វថ្ងៃកម្ពុជាពុំដែលមានការគំរាមកំហែងណាមួយពីភេរវករ ក៏ដោយនោះ។
ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស៩១១(៩ វិច្ឆិកា ១៩៩៥ - ៩ វិច្ឆិកា ២០២៣) នាថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះភេវរកម្ម បើទោះបីបច្ចុប្បនេះកម្ពុជា ពុំដែលមានការគំរាមកំហែងណាមួយពីភេរវករក្តី ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែស បានដែរចំពោះករណីមួយនេះ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បីទំនើបកម្មកងទ័ពបន្ថែមទៀតនោះ គ្រប់អង្គភាពទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងកសាងសាលាហ្វឹកហ្វឺន ទីលានហ្វឹកហ្វឺន និងជាពិសេសនោះគឺការពង្រឹងសមត្ថភាពគ្រូ ក៏ដូចជាយោធាចារ្យជាដើមផងដែរ៕អត្ថបទ បាន ចក់