ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានច្រករបៀងមនុស្សធម៌ចំនួន២ ដែលអនុញ្ញាតឲ្យប្រជាជនជម្លៀសខ្លួនចេញពីតំបន់នានាពីការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាភាគខាងជើង ដែលនេះជាការផ្គត់ផ្គង់ផ្នែកមនុស្ស និងជំនួយដ៏សំខាន់ ដែលត្រូវបានពង្រីកទៅក្នុងតំបន់ជាច្រើន នៅកន្លែងដែលប្រជាជនកំពុងជម្លៀសខ្លួន។

អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានថា ច្រកឆ្លងកាត់ Rafah កាលពីថ្ងៃព្រហស្បតិ៍ បានបើកឲ្យរថយន្តដឹកជំនួយចូលមកតំបន់ហ្កាហ្សា និងជនបរទេសចាកចេញ។

សេតវិមាននិយាយថា អ៊ីស្រាអែល បានព្រមព្រៀង ផ្អាកប្រតិបត្តិការយោធា នៅក្នុងផ្នែកមួយចំនួន នៅហ្កាហ្សាភាគខាងជើង រយៈពេល៤ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនក្តីសង្ឃឹមនៃការផ្អាកក្នុងរយៈពេលជាង១ខែនៃការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមានការព្រួយបារម្ភពីជម្លោះក្នុងតំបន់។