កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុង Jenin របស់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានប្រយុទ្ធគ្នារយៈពេលមួយម៉ោងជាមួយនឹងខ្មាន់កាំភ្លើង ដែលក្នុងនោះមនុស្ស ១៤នាក់ ត្រូវបានសម្លាប់ ដែលជាការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយនៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនខែ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីន៤នាក់ទៀត ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នា នៅទូទាំងតំបន់វេសបែង ដែលជាការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងផ្ទៃខាងក្រោយនៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបក្បែរនោះ។

សាក្សី បាននិយាយថា ការបាញ់កាំភ្លើង បានបន្លឺឡើងអស់ជាច្រើនម៉ោង ខណៈដែលទាហានអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធបំពាក់អាវុធយ៉ាងត្រឹមត្រូវ នៅតាមដងផ្លូវនៃទីក្រុង Jenin និងជំរំជនភៀសខ្លួន ដែលនៅជាប់គ្នានោះ ដែលជាកន្លែងខ្មាន់កាំភ្លើងប្រដាប់អាវុធរាប់រយនាក់ ឈរជើង។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងទីក្រុងនេះ និងបានប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ យោធា បានបន្ថែមថា ខ្លួនបានចាប់ខ្លួនជនសង្ស័យចំនួន ២០នាក់ ក្នុងការឆ្មក់ចូល និងរឹបអូសបានទាំងកាំភ្លើង និងគ្រាប់រំសេវ។