ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងនគរបាលប្រទេសប៉េរូ និងក្រុមបាតុករអ្នកបើកបររថយន្តឈ្នួល ដែលបានចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ពីសំណាក់ក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងលីម៉ា កាលពីថ្ងៃព្រហស្បតិ៍។

អ្នកតវ៉ារាប់រយនាក់ ដែលបានចេញតវ៉ាទៅកាន់សភាប្រទេសប៉េរូ បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅពេលពួកគេបានព្យាយាមឆ្លងកាត់របាំងសន្តិសុខនៅអគារសភា ខណៈក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបានរុញក្រុមបាតុករដើម្បីបំបែកការតវ៉ា។

ក្រុមអ្នកតវ៉ា បានអំពាវនាវដល់អាជ្ញាធរដើម្បីលុបបំបាត់ក្រុមជនអន្ធពាលគំរាមទារប្រាក់ ដែលតាមរាយការណ៍ត្រូវបានបង្កើតឡើងដោយជនបរទេស។
ក្រុមអ្នកបើកបររថយន្តឈ្នួល បានរិះគន់ថាពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់ដោយខុសច្បាប់ដល់ក្រុមជនអន្ធពាលដើម្បីអាចធ្វើការងារនៅលើដងផ្លូវនៅទីក្រុងលីម៉ា។