ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសបើកសម្ពោធពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២២៣ជាផ្លូវការ ដោយរំពឹងទុកថា នឹងមានអ្នកចូលរួមទស្សនាប្រមាណ៣ ម៉ឺននាក់ ខណៈមានការងារប្រមាណជាង ២ ម៉ឺនកន្លែងក្នុងពិព័រណ៍ការងារនេះ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ធ្វើឡើងមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ។ ពិព័រណ៍នេះមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ គ្រឹះស្ថាន និងស្ថាប័ន នឹងមានការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ២ ម៉ឺនកន្លែង។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជកអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលនិងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារបន្តជជំរុញលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលានានាក្នុងពិព័រណ៍នេះផងដែរ។
សូមជម្រាបថា ក្នុងពិព័រណ៍ការងារថ្នាក់ជាតិនេះ ក៏នឹងមានរួមបញ្ចូលសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹង ផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និង ពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មីផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី







