ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសសន៍ថា រាជរដ្ឋាភិបាលនីកាលទី៧នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំង កងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានទ័ពពិសេសក្នុងរយៈពេល ២៨ ឆ្នាំ កន្លងមកនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមក្នុងការងារបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីការពារជាតិ និងបូរណភាពទឹកដីកម្ពុជា រាជដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តការធ្វើទំនើបកម្មទ័ពពិសេសដោយផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាងក្នុងនោះមាន ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។
សូមជម្រាបថា បញ្ជាការដ្ឋានទ័ពពិសេស ជាអង្គភាពទ័ពមួយដែលបានចូលរួមធ្វើសកម្មភាពដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិ និងប្រជាជន។ រយៈពេល ២៨ ឆ្នាំកន្លងមកនេះ វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស បានធ្វើពលីកម្មបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ឆន្ទៈស្មារតី កម្លាំងកាយពល និងពេលវេលា ដោយគ្មានខ្លាចការលំបាកនឿយហត់ ចូលរួមភារកិច្ចប្រយុទ្ធ ប្រឆាំងការវិលត្រឡប់មកសារជាថ្មីរបស់របប ប៉ុល ពត ប្រល័យពូជសាសន៍៕
អត្ថបទ៖ វ៉ន ដារ៉ា