សេតវិមានរបស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែមិនមានសញ្ញាណាមួយនៃការផ្អាកនៅក្នុងការប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរទៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រមួយនោះទេ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា ការផ្អាកការប្រយុទ្ធដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរផ្លូវ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់។

ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើថា ការផ្អាកក្នុងការប្រយុទ្ធណាមួយ នឹងត្រូវធ្វើឡើងនៅទីតាំងផ្សេងគ្នា ហើយមិនមានការបញ្ជាក់ជាផ្លូវការអំពីផែនការសម្រាប់ការផ្អាកឡើងវិញនោះទេ។
នៅពេលត្រូវសាកសួរនៅក្នុងបទសម្ភាសទូរទស្សន៍ Fox News អំពីថាតើនឹងមាន «ការបញ្ឈប់» ក្នុងការប្រយុទ្ធដែរ ឬទេ លោកនាយករដ្ឋមន្រ្តី Netanyahu បានឆ្លើយថា «មិនមាននោះទេ គឺការប្រយុទ្ធនៅតែបន្តប្រឆាំងនឹងពួកភេរវករហាម៉ាស ប៉ុន្តែនឹងមានការផ្អាកការវាយប្រហារនៅក្នុងទីតាំងជាក់លាក់ណាមួយសម្រាប់រយៈពេលពីរបីម៉ោង ព្រោះយើងចង់សម្របសម្រួលសុវត្ថិភាព និងការឆ្លងកាត់ជនស៊ីវិលនៅឆ្ងាយពីតំបន់ប្រយុទ្ធ ហើយេពេលនេះយើងកំពុងអនុវត្តការផ្អាកនោះហើយ»។

នៅលើទឹកដីនៅភាគខាងជើងតំបន់ហ្កាហ្សា មិនមានរបាយការណ៍ណាមួយអំពីភាពធូរស្រាលនៃការប៉ះទង្គិចគ្នានោះទេ។ កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្កាហ្សា ហើយរថក្រោះរបស់ខ្លួនកំពុងឆ្ពោះទៅកាន់តំបន់កណ្ដាលនៃទីក្រុងនេះ ខណៈពួកគេតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ភាគីនីមួយៗបានរាយការណ៍ថា បានបង្កឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតនៅក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវយ៉ាងខ្លាំងក្លានោះ៕
-