ក្រុមទាហានដែលបញ្ជាយានដ្រូនចម្បាំងធុនតូច និងមានតម្លៃថោករបស់អ៊ុយក្រែន កំពុងសម្តែងការព្រួយបារម្ភថា ទោះបីជាការប្រើប្រាស់យានដ្រូនទាំងនោះហាក់ទទួលបានជោគជ័យក៏ដោយ ក៏សត្រូវរបស់ពួកគេអាចនឹងវាយបកវិញយ៉ាងខ្លាំងក្លា ខណៈទីក្រុងម៉ូស្គូ កំពុងចំណាយប្រាក់ និងធនធានទៅក្នុងវិស័យយានដ្រូនដ៏ទំនើបរបស់ខ្លួន។

ការប្រើប្រាស់យានដ្រូនប្រភេទដាក់គោលដៅលើមនុស្ស (FPV) ប្រកបដោយភាពរហ័សរហួនក្នុងការប្រយុទ្ធ គឺជាជោគជ័យបំផុតមួយនៃយុទ្ធសាស្ត្រមានតម្លៃទាបផ្សេងៗ ដែលអ៊ុយក្រែនបានប្រើដើម្បីការពារខ្លួនពីការឈ្លានពានទ្រង់ទ្រាយធំដោយប្រទេសរុស្ស៊ី ដែលជាប្រទេសជិតខាងដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងខ្លាំងជាងខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ ក៏បានឆ្លុះបញ្ជាំងជាបណ្តើរៗ និងបង្កើនការប្រើប្រាស់យានដ្រូនទាំងនេះ ដែលដើមឡើយត្រូវបានផលិតឡើងសម្រាប់ការកម្សាន្ត ប៉ុន្តែត្រូវបានកែប្រែដើម្បីផ្ទុកគ្រឿងផ្ទុះ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

រៀងរាល់សប្តាហ៍ ភាគីជម្លោះទាំងពីរ បានចេញផ្សាយវីដេអូកាមេរ៉ានៅលើយានដ្រូន FPVs ដែលមានតម្លៃរាប់រយដុល្លារទាំងនោះ ដោយហោះឆ្ពោះទៅកាន់ទីតាំងសត្រូវ និងវាយប្រហាររថក្រោះ ព្រមទាំងប្រព័ន្ធរ៉ាដា ដែលមានតម្លៃរាប់លានផងដែរ៕