រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) បានប្រាប់ឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហឹ្វង (He Lifeng) ថាលោកស្រីចង់ឱ្យមានការពិភាក្សាលក្ខណៈ «បើកចំហ និងជាក់លាក់» ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក និងចិន ការអនុវត្តឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំង និងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការសម្រាលបន្ទុកបំណុលជាដើម។

នៅក្នុងសុន្ទរកថា ដែលបានរៀបចំនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំទ្វេភាគីរយៈពេលពីរថ្ងៃ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំប្រទេស នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លោកស្រី Yellen បាននិយាយថា លោកស្រីបានប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីបង្កើតកិច្ចសន្ទនាសេដ្ឋកិច្ចជាមួយសមភាគីចិន។

លោកស្រី Yellen បាននិយាយថា សហរដ្ឋអាមេរិក ចង់បានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងរយៈពេលវែង ហើយនឹងលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយរបស់ចិន ដែលហាមឃាត់ការប្រកួតប្រជែងដោយយុត្តិធម៌។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហឺ បាននិយាយថា លោកនឹងលើកឡើងពីការព្រួយបារម្ភរបស់ប្រទេសចិន អំពីទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សារបស់លោកជាមួយលោកស្រី Yellen ។
លោកបានបន្ថែមថា ប្រទេសចិនក៏កំពុងស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពផងដែរ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យដំណើរការល្អឡើងវិញ៕