ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការពារជាតិ បង្កើតស្ថាប័នមួយសម្រាប់យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានាហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះដោយធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់របស់យោធិនជំនាន់មុនរបស់កម្ពុជា។ ដូច្នេះសម្ដេចនាយករដ្ឋមន្រ្ដីបានជំរុញឱ្យក្រសួងការពារជាតិ ត្រូវរៀបចំបង្កើតស្ថាប័នមួយសម្រាប់យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹងគោលនយោបាយកងទ័ពរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញយោធាត្រូវពង្រឹងដល់សាលានាយទាហាន តាមគោលនយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិតលើការបណ្ដុះបណ្ដាលនាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិត្រូវផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និងកិច្ចការងារការពារជាតិនេះបន្ថែមតៀត៕អត្ថបទ៖វ៉ន ដារ៉ា