កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ប្រជាជនប៉ាឡេស្ទីន ដែលធ្វើដំណើរភៀសខ្លួនឆ្លងកាត់រថក្រោះអ៊ីស្រាអែល និងកម្ទេចសាកសពតាមច្រកខាងមុខចេញពីទីក្រុងហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធ បាននិយាយថា ពួកគេភ័យខ្លាចមហន្តរាយជាថ្មីម្ដងទៀត នៃការកាន់កាប់ទឹកដីដ៏ទូលំទូលាយរបស់អ៊ីស្រាអែល បន្ទាប់ពីរដ្ឋជ្វីហ្វមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ មក។

មនុស្សរាប់ពាន់នាក់ កំពុងធ្វើដំណើរទៅភាគខាងត្បូងតាមបណ្តោយផ្លូវមួយចេញពីទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដោយនោះជាផ្លូវចេញតែមួយគត់សម្រាប់ជនស៊ីវិល ដែលរត់គេចពីការឡោមព័ទ្ធកាន់តែខ្លាំង ខណៈរថក្រោះអ៊ីស្រាអែល បានរំកិលចូលកាន់តែជ្រៅចូលទៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប។

សង្រ្គាមឆ្នាំ១៩៤៨ នៅពេលដែលប្រជាជនប៉ាឡេស្ទីន រត់ភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ បានដិតជាប់នៅក្នុងការចងចាំរួមរបស់ពលរដ្ឋប៉ាឡេស្ទីន។ មនុស្សជាច្រើនបានសម្តែងការភ័យខ្លាចថា ប្រសិនបើពួកគេត្រូវបង្ខំពីផ្ទះរបស់ខ្លួនឥឡូវនេះ ពួកគេនឹងមិនត្រូវបានគេអនុញ្ញាតឱ្យត្រឡប់មកវិញដូចដូនតារបស់ពួកគេឡើយ។

កងកម្លាំងអ៊ីស្រាអែល បានប្រាប់ពលរដ្ឋប៉ាឡេស្ទីន អស់រយៈពេលជាច្រើនសប្តាហ៍មកហើយឲ្យចាកចេញពីតំបន់ហ្កាហ្សា ភាគខាងជើង ទៅកាន់ភាគខាងត្បូង ដែលខ្លួនក៏កំពុងបន្តទម្លាក់គ្រាប់បែក ដោយនិយាយថា ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅពេលជម្លោះបានបញ្ចប់។
ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅតំបន់ហ្កាហ្សា ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន បន្ទាប់ពីបុព្វបុរសរបស់ពួកគេបានភៀសខ្លួនចេញពីកន្លែងកំណើតនៅចន្លោះព្រំដែនរបស់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ មក។ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ប្រជាជនជាងពាក់កណ្តាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា មួយនេះត្រូវបានផ្លាស់ទីលំនៅ៕
-