ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ (G7) ហើយបានជំរុញឱ្យប្លុកនេះបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា នេះបើយោងតាមស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា)។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ បានបញ្ចប់កាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ហើយភាគច្រើនបានអំពាវនាវឱ្យមានការផ្អាកសង្រ្គាមសម្រាប់បុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងជួយដោះលែងចំណាប់ថ្នូរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមប្រទេស G7 ក៏បានជំរុញឱ្យចិន ដោះស្រាយគោលនយោបាយមិនទីផ្សាររបស់ខ្លួន មិនឲ្យជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន រក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងអនុញ្ញាតឱ្យមានស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង។
ប្រទេសលោកខាងលិចមួយចំនួនក៏បានក្រើនរំលឹកជាប្រចាំដល់ទីក្រុងប៉េកាំង ឱ្យការពារគោលការណ៍ប្រជាធិបតេយ្យ សេរីភាព និងស្វ័យភាពរបស់ទីក្រុងហុងកុង ឱ្យកាន់តែប្រសើរឡើង ដែលពួកគេនិយាយថាស្វ័យភាពរបស់ទីក្រុងនេះបានចុះខ្សោយបន្ទាប់ពីការអនុវត្តច្បាប់សន្តិសុខជាតិរបស់ចិននៅឆ្នាំ២០២០ មក៕