ប្រធានចារកម្ម CIA និងប្រធានទីភ្នាក់ងារចារកម្ម Mossad បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងការផ្អាកការវាយលុក នៅតំបន់ហ្កាហ្សារបស់អ៊ីស្រា អែល។
ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក William Burns ប្រធាន CIA បានហោះទៅទីក្រុងដូហា ដើម្បីជួបសមភាគីអ៊ីស្រាអែល លោក David Barnea និង លោក Mohammed Bin Abdulrahman al-Thani ដើម្បីពិភាក្សាអំពី«លក្ខខណ្ឌនៃកិច្ចព្រមព្រៀង»។
ប្រទេសកាតា ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ នឹងត្រូវបានដោះលែងជាថ្នូរនឹង «ការផ្អាកជាលក្ខណៈមនុស្សធម៌» រយៈពេល ១ ទៅ២ ថ្ងៃ នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។
អ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់បទឈប់បាញ់ ឬយ៉ាងហោចណាស់ការផ្អាកបណ្តោះអាសន្ន ដើម្បីបន្ធូរបន្ថយស្ថានភាពនៃមនុស្សប្រហែល ២,៣ លាននាក់ ដែលជាប់គាំង នៅតំបន់ហ្កាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល ព្យាយាមលុបបំបាត់ក្រុមហាម៉ាស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បាននិយាយថា មិនអាចមានបទឈប់បាញ់គ្នាទេ រហូតដល់ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរដែលត្រូវបានគេចាប់ទាំងនោះ នៅពេលដែលក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានវាយលុកអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។


