ក្រុមមន្ត្រីតំបន់ហ្កាហ្សាបាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសថ្មីនៅលើ ឬនៅជិតមន្ទីរពេទ្យយ៉ាងហោចណាស់ចំនួនបីទីតាំង នៅថ្ងៃសុក្រ (១០ វិច្ឆិកា) នេះដោយបានបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ប្រព័ន្ធសុខាភិបាល ដែលពោរពេញដោយអ្នកស្លាប់ និងរបួសរាប់ពាន់នាក់ ដែលភៀសខ្លួនដោយសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយថា អ៊ីស្រាអែលបានកំណត់គោលដៅលើបរិវេណមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) ដែលជាមន្ទីរពេទ្យដ៏ធំបំផុតមួយនៅក្នុងទីក្រុងហ្កាហ្សា ហើយមានអ្នកស្លាប់បាត់បង់ជីវិតជាច្រើន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសមានមជ្ឈមណ្ឌលបញ្ជាការ និងផ្លូវរូងក្រោមដី លាក់កំបាំងនៅក្រោមមន្ទីរពេទ្យ អាល់ ស៊ីហ្វា ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នោះ។
យុទ្ធនាការយោធាអ៊ីស្រាអែលរយៈពេលមួយខែ ដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធទៅលើភាគខាងត្បូងអ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅតំបន់ហ្កាហ្សា ជួបការលំបាកនៅក្នុងប្រតិបត្តិការ ខណៈដែលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ទឹកស្អាត និងប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើងជិតអស់ទៅហើយ៕