ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន នៅថ្ងៃសុក្រ (១០ វិច្ឆិកា) នេះ បានជំរុញប្រទេសហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ បន្ទាប់ពីនាវាផ្គត់ផ្គង់ហ្វីលីពីនជាច្រើនគ្រឿង បានចូលទៅក្នុងដែនទឹកនៅជិតកោះថ្មប៉ប្រះទឹក Thomas ក្នុងសមុទ្រចិនខាងត្បូង។

ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បាននិយាយថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយក្នុងពេលឆាប់ៗនេះ ស្តីពីបេសកកម្មផ្គត់ផ្គង់ឡើងវិញនោះ។
ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា នាវាដឹកជញ្ជូនហ្វីលីពីនខ្នាតតូចចំនួនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរចំនួនបីគ្រឿង បានចូលក្នុងដែនទឹករបស់ខ្លួននៅជាប់នឹងកោះថ្មប៉ប្រះទឹក Thomas ដែលជាផ្នែកមួយនៃប្រជុំកោះ ស្ប្រាតលី (Spratly) ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។

ច្រកសមុទ្រដ៏តានតឹងមួយនោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ប៉ុន្តែចិនច្រានចោលការសម្រេចនោះ ហើយនិយាយថា ខ្លួនមានអធិបតេយ្យភាពលើប្រជុំកោះ ស្ប្រាតលី ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាប្រជុំកោះណានសា (Nansha) និងដែនទឹកដែលនៅជាប់នោះ។
ប្រទេសចិន និងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅក្នុងតំបន់ ហើយប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបេសកកម្មផ្គត់ផ្គង់ហ្វីលីពីនឡើងវិញទៅកាន់តំបន់ច្រកសមុទ្រជម្លោះនោះ៕