ភ្នំពេញ៖ នៅក្នុងអំឡុងពេលនេះ សំគាល់ឃើញថា នៅរាជធានីភ្នំពេញ គឺចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាហាក់មានកំណើនឡើងជាបន្តបន្ទាប់ ហើយការដើរកម្សាន្តទាំងភ្ញៀវកញ្ចប់ទេសចរ និងភ្ញៀវរាយនោះ ភាគច្រើន គឺចង់ដើរកម្សាន្តទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ។
ភ្ញៀវទេសចរអន្តរជាតិ មកពីប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិច បានថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ពួកគេមកទស្សនាកម្ពុជា ក្នុងអំឡុងពេលនេះ គឺចង់មកស្នាក់នៅយូរ ចង់ទស្សនាអង្គរវត្ត នៅខេត្តសៀមរាប និងចង់ទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ដែលកម្ពុជាតែងតែប្រារព្ធរៀងរាល់ឆ្នាំ និងមានមនុស្សម្នាអញ្ជើញចូលទស្សនាច្រើន ហើយពួកគេពិតជាមានចំណាប់អារម្មណ៍ក្នុងការចូលរួមទស្សនា ខណៈព្រឹត្តិការណ៍ដ៏ធំរបស់កម្ពុជាមួយនេះ ពួកគេមិនធ្លាប់បានឃើញផ្ទាល់ពីមុនមកនោះទេ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ប្រទេសកម្ពុជា ចាប់ផ្តើមមានកំណើនទេសចរអន្តរជាតិ ចាប់ពីខែតុលា រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ ហើយភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងអំឡុងពេលនេះ គឺជាភ្ញៀវដែលបានរៀបចំផែនការ និងបានកក់ទិញកញ្ចប់ទេសចរមកទស្សនាកម្ពុជា តាំងពីយូរមកហើយ និងកក់ទិញរងចាំមកទស្សនាព្រឹត្តិការណ៍បុណ្យអុំទូកផងដែរ។
ឯកឧត្តមបញ្ជាក់ថា នៅចន្លោះពេល៣ទៅ៤ខែចុងឆ្នាំនេះ កំណើនទេសចរអន្តរជាតិ មកទស្សនារាជធានីភ្នំពេញ គឺបាននិងកំពុងត្រឡប់មករកភាពដូចដើមវិញហើយ។ ខណៈតាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៣ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងចន្លោះប្រមាណពី៤លាន៥សែននាក់ទៅ៥លាននាក់៕រូបអត្ថបទ ស៊ុម សុខជា