ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ឱ្យលុបចោលការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើនៅក្នុងខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានគ.ជ.ប. តាមរយៈលិខិតផ្ញើចេញនៅល្ងាចថ្ងៃនេះ។
ក្នុងលិខិតដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានស្នើឱ្យលុបចោលដំណើរការបោះឆ្នោតសាកល្បងនេះ ដោយសារកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅទូទាំងប្រទេស។
ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាទៅអភិបាលរាជធានី និងខេត្តទូទាំងប្រទេស ឱ្យផ្អាកដំណើរការប្រមូលផ្ដុំមនុស្សយកមកហ្វឹកហាត់សម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ៕
