ហ្កាហ្សា ៖ ជម្លោះដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.៣០០នាក់ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាងកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា)។
នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញតួលេខអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១០.៨១២នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ន ដែលចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា មកខណៈតំបន់ប៉ាឡេស្ទីន វេស ប៊ែង បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៧៣នាក់។ ប្រភពរបស់អ៊ីស្រាអែលបានរាយការណ៍ថា មនុស្សជាង ១.៤០០នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះដ៏តានតឹងនេះ។
កងកម្លាំងការពារអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានវាយប្រហារតំបន់យោធាហាម៉ាស នៅជិតមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ក្នុងហ្គាហ្សាស្ទ្រីប និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃតំបន់យោធា ព្រមទាំងបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាស ជាង៥០នាក់។
យោងតាមកងទ័ពអ៊ីស្រាអែល តំបន់យោធាគឺជាមជ្ឈមណ្ឌលស៊ើបការណ៍ និងប្រតិបត្តិការរបស់ក្រុមហាម៉ាស ដោយបន្ថែមថាប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់នេះកំពុងដំណើរការនៅឡើយ៕

