ហ្កាហ្សា ៖ អ្នកនាំពាក្យនៃក្រុមតស៊ូប្រឆាំងនៅតំបន់ហ្កាហ្សា ស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) បាននិយាយថា ពួកគេបើកចំហក្នុងការទទួលយកបទឈប់បាញ់មួយ ដោយរំពឹងថា ទាហានអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ពួកគេលើតំបន់ហ្កាហ្សា ស្ទ្រីប ជាពិសេសការវាយប្រហារផ្តោតលើជនស៊ីវិល។
លោក Musa Abu Brehm អ្នកនាំពាក្យរបស់ក្រុមប្រឆាំងរួមរបស់ប៉ាឡេស្ទីន មានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយថា៖ «ក្នុងនាមជាក្រុមតស៊ូ កាតព្វកិច្ចរបស់យើងគឺការពារប្រជាជនរបស់យើង ហើយយើងនឹងមិនបញ្ឈប់ការប្រយុទ្ធទេ ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់សកម្មភាពសម្លាប់កុមារ និងការសម្លាប់រង្គាលភ្លាមៗ។ ពេលនេះ ការសម្រេចចិត្តគឺស្ថិតនៅលើដៃរបស់អ៊ីស្រាអែល»។
នៅថ្ងៃដដែលនោះ ភាគីអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួននឹងមិនពិចារណាលើបទឈប់បាញ់ឡើយ លុះត្រាតែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងនោះ ដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលខ្លួនបានចាប់។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនៅតំបន់ហ្កាហ្សា ស្ទ្រីប ជឿថា ដោយសារដំណាក់កាលបច្ចុប្បន្ននៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បទឈប់បាញ់ត្រូវបានចាត់ទុកថាជាផលប្រយោជន៍ល្អបំផុតសម្រាប់ភាគីពាក់ព័ន្ធទាំងអស់៕

