អាមេរិក ៖ កងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់បានបន្តវាយប្រហារទាហានអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បើទោះបីជាកងកម្លាំងរបស់សហរដ្ឋអាមេរិកបានវាយប្រហារសងសឹកទៅលើកន្លែងផ្ទុកអាវុធ នៅភាគខាងកើតនៃប្រទេសស៊ីរីក៏ដោយ។
យោធាអាមេរិកបានវាយប្រហារទីតាំងដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមពាក់ព័ន្ធ កាលពីថ្ងៃពុធ (ទី៨ ខែវិច្ឆិកា)។ យោធាបាននិយាយថា ការវាយប្រហារនេះ គឺដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារម្តងហើយម្តងទៀតលើបុគ្គលិកយោធាអាមេរិក នៅក្នុងតំបន់។
អនុរដ្ឋមន្ត្រីផ្នែកទំនាក់ទំនងសារព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក លោកស្រី Sabrina Singh កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) បានប្រាប់សន្និសីទសារព័ត៌មានថា មន្ទីរបញ្ចកោណ ជឿថា ការវាយប្រហារទទួលបានជោគជ័យ ហើយឥឡូវនេះ អគារនោះ «ស្ទើរតែមិនអាចប្រើប្រាស់បាន»។
ប៉ុន្តែលោកស្រី Singh បានបន្តថា ចាប់តាំងពីពេលនោះមក មានការវាយប្រហារបន្ថែមចំនួន ៤លើកទៀត លើទាហានអាមេរិកនៅស៊ីរី និងអ៊ីរ៉ាក់។ លោកស្រី បានប្រាប់ថា កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះត្រូវបានវាយប្រហារយ៉ាងហោចណាស់ ៤៦ដង នៅចន្លោះថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ហើយបន្ថែមថា មនុស្សចំនួន ៥៦នាក់ បានរងរបួសពីការវាយប្រហារនោះ។
កាលពីថ្ងៃព្រហស្បតិ៍នោះផងដែរ អ្នកសារព័ត៌មានម្នាក់បានសួរទៅប្រធានាធិបតីអាមេរិក លោក Joe Biden ថា តើការវាយប្រហារសងសឹក កំពុងដំណើរការដែរ ឬទេ។ លោក Biden បានឆ្លើយថា៖ «ពួកគេកំពុងធ្វើការ ក្នុងន័យថា យើងកំពុងវាយប្រហាចំគោលដៅ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងចំនួន២ នៅភាគខាងកើតប្រទេសស៊ីរី ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ និងបណ្ដាក្រុមពាក់ព័ន្ធនានា។ ប៉ុន្តែការវាយប្រហារលើទាហានអាមេរិកក្នុងតំបន់ នៅតែបន្តកើតមាន ចំពេលមានការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស នៅតំបន់ហ្កាហ្សា៕

