អេស្ប៉ាញ ៖ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយនគរបាល នៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណបក្សសង្គមនិយមរបស់ប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ខណៈដែលកិច្ចព្រមព្រៀងជាមួយក្រុមបំបែកខ្លួនតំបន់កាតាឡាន់ គឺក្រុមនៃគណបក្ស Junts ជិតកើតឡើងហើយ ដែលដំណឹងនេះ បានបង្កឲ្យមានសកម្មភាពពុះកញ្ជ្រោល ក្នុងប្រទេស។
នាយករដ្ឋមន្ត្រីស្តីទីអេស្ប៉ាញលោក Pedro Sanchez មើលទៅទំនងជានឹងបន្តកាន់តំណែងមួយអាណត្តិទៀត បន្ទាប់ពីគណបក្សសង្គមនិយម (PSOE) របស់លោក កាលពីថ្ងៃព្រហស្បតិ៍ បានទទួលបានគាំទ្រពីគណបក្សបំបែកខ្លួន Junts នៅតំបន់កាតាឡាន់ ដើម្បីបង្កើតរដ្ឋាភិបាល នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលត្រូវបានក្រុមប្រឆាំងរបស់ប្រទេសថ្កោលទោសថា ជា «រឿងគួរឲ្យអាម៉ាស់»។
ខ្លឹមសារបានបង្ហាញថា ច្បាប់ ដែលធានាឲ្យមានការលើកលែងទោសដល់អ្នកដែលត្រូវបានកាត់ទោស ពាក់ព័ន្ធនឹងការប៉ុនប៉ងបំបែកតំបន់កាតាឡាន់ចេញពីប្រទេសអេស្ប៉ាញនោះ ត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះ។
នគរបាលបានបាញ់គ្រាប់កាំភ្លើងជ័រ ហើយមនុស្ស ១៥នាក់ត្រូវបានចាប់ខ្លួន ខណៈក្រុមមន្ត្រីព្យាយាមបំបែកបាតុកម្ម។ បាតុករខ្លះ បានគប់ធុងសំរាម និងផាវដាក់នគរបាល។ នៅមុននេះ កាំជ្រួចភ្ញី និងវត្ថុផ្សេងៗទៀត ត្រូវបានគប់សំដៅទៅណករបាល ខណៈដែលក្រុមបាតុករប្រហែល ៨.០០០នាក់ បានគ្រវីទង់ជាតិអេស្ប៉ាញ និងធ្វើបាតុកម្មនៅខាងក្រៅទីស្នាក់ការគណបក្សសង្គមនិយម ក្នុងទីក្រុងម៉ាឌ្រីដ៕

