ប៉ាឡេស្ទីន ៖ មេដឹកនាំប៉ាឡេស្ទីន លោក Mohammad Shtayyeh និងបណ្ដាប្រមុខរដ្ឋ ព្រមទាំងអ្នកនយោបាយជាច្រើនរូបផ្សេងទៀត បានទៅដល់វិមានប្រធានាធិបតី ក្នុងទីក្រុងប៉ារីស ដើម្បីទទួលទានអាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលថ្ងៃព្រហស្បតិ៍ (ទី៩ វិច្ឆិកា) នៅមុនថ្ងៃនៃវេទិកាសន្តិភាព។
បើយោងតាមអ្នករៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា វេទិកាសន្តិភាពលើកទី៦ នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងការគាំទ្រ សម្រាប់ប្រទេសដែលស្ថិតក្នុងស្ថានភាពទន់ខ្សោយ ហើយវេទិកានេះក៏នឹងផ្តោតផងដែរលើការទទួលខុសត្រូវរបស់ប្រទេសមហាអំណាចធំៗ និងមហាអំណាច ដែលកំពុងលេចមុខឡើង ក្នុងការកសាងសន្តិភាព។
សូមបញ្ជាក់ថា បណ្ដាគណៈប្រតិភូតំណាងឲ្យប្រទេសនានា កំពុងជួបប្រជុំគ្នា សម្រាប់វេទិកាសន្តិភាពទីក្រុងប៉ារីស (Paris Peace Forum) ដែលជាសន្និបាតប្រចាំឆ្នាំ និងគម្រោងការទូតមួយ ក្នុងចំណោមគម្រោងការទូតជាច្រើនរបស់លោក Macron ដោយការពិភាក្សា ត្រូវផ្ដោតលើបញ្ហាប្រឈមសកលជាច្រើន រាប់តាំងពីវិបត្តិទេសន្តរប្រវេសន៍ បម្រែបម្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សាជាដើម។
យោងតាមវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា ប្រទេសជាង ៥០ កំពុងចូលរួមក្នុងវេទិកានេះ ក្នុងនោះរួមទាំងប្រទេសមួយចំនួននៅអឺរ៉ុប សហរដ្ឋអាមេរិក មហាអំណាចក្នុងតំបន់ ដូចជាហ្ស៊កដានី អេហ្ស៊ីប និងបណ្ដាប្រទេសឈូងសមុទ្រផងដែរ៕
