ឥណ្ឌា៖ នគរបាលបាននិយាយនៅថ្ងៃពុធនេះថា រថយន្តក្រុង១គ្រឿងដែលកំពុងដឹកកម្មករចំណាកស្រុកបន្ទាប់ពីមានការបន្ធូរបន្ថយបម្រាមការឆ្លងមេរោគកូរ៉ូណាមកបានបុកជាមួយរថយន្ដដឹកទំនិញ ១គ្រឿងនៅលើផ្លូវហាយវេមួយ បណ្ដាលអោយមនុស្សយ៉ាងហោចណាស់ ១៧នាក់បាត់បង់ជីវិត និង១៨នាក់ទៀតរងរបួសនៅភាគខាងជើងប្រទេសឥណ្ឌា។
នគរបាលនិយាយថា រថយន្ដក្រុងបានក្រឡាប់ បន្ទាប់ពីបានបុកជាមួយរថយន្ដដឹកទំនិញដែលចេញពីទិសដៅបញ្ច្រាសគ្នា កាលពីយប់ថ្ងៃអង្គារនៅជិតក្រុងកាន់ពួរចម្ងាយ ៨០គីឡូម៉ែត្រ ភាគនិរតីក្រុងឡាក់នូវរដ្ឋអ៊ូតាប្រាដេស។
យោងតាមសមត្ថកិច្ច បានអោយដឹងថា មនុស្សចំនួន ១១០ ០០០នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។
គ្រោះថ្នាក់ចរាចរភាគច្រើន ត្រូវបានគេស្ដីបន្ទោសទៅលើការធ្វេសនៅក្នុងការបើកបរ ការថែរក្សាផ្លូវមិនបានល្អ ហើយនិងអាយុកាលរថយន្ដ៕ អត្ថបទ៖ មករា