
លោក នាយករដ្ឋមន្រ្តី Viktor Orban បានថ្លែងប្រាប់វិទ្យុរដ្ឋ នៅថ្ងៃសុក្រនេះ សហភាពអឺរ៉ុប មិនត្រូវចាប់ផ្តើមកិច្ចចរចាអំពីសមាជិកភាពជាមួយអ៊ុយក្រែនទេ ដោយសង្កត់ធ្ងន់ថា នេះគឺជា «ជំហរច្បាស់លាស់» របស់ហុងគ្រីលើបញ្ហានេះ។
មេដឹកនាំបណ្តាប្រទេសសហភាពអឺរ៉ុប នឹងត្រូវសម្រេចចិត្តនៅពាក់កណ្តាលខែធ្នូ ថាតើត្រូវទទួលយកអនុសាសន៍របស់គណៈកម្មាការនេះ ដើម្បីអញ្ជើញទីក្រុងគីវ ឲ្យចាប់ផ្តើមកិច្ចចរចាអំពីសមាជិកភាពឲ្យបានឆាប់តាមលក្ខខណ្ឌចុងក្រោយ។
ការសម្រេចចិត្តបែបនេះ តម្រូវឲ្យមានការឯកភាពគ្នាពីសមាជិកប្រទេសទាំងទាំង២៧ របស់ប្លុកនេះ ដោយប្រទេសហុងគ្រី ត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ចម្បង។
លោក Orban ជាអ្នកជាតិនិយមដែលកាន់អំណាច តាំងពីឆ្នាំ ២០១០ បាននិយាយថា ជម្លោះរវាងទីក្រុងប្រ៊ុចសែលទៅលើមូលនិធិ EU រាប់ពាន់លានអឺរ៉ូ ដែលផ្អាកសម្រាប់ប្រទេសហុងគ្រី ជុំវិញបញ្ហានីតិរដ្ឋ មិនអាចទាក់ទងតាមវិធីណាមួយចំពោះការគាំទ្ររបស់ហុងគ្រីសម្រាប់កិច្ចចរចាចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននោះទេ។
លោក Orban បាននិយាយថា៖«កិច្ចពិភាក្សាអំពីសមាជិកភាព មិនត្រូវចាប់ផ្តើមទេ នេះជាជំហរដ៏ច្បាស់លាស់របស់ហុងគ្រី ដោយបន្ថែមថា ទីក្រុងប្រ៊ុចសែល «ជំពាក់លុយហុងគ្រី»។