
នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានពិភាក្សាលើសង្រ្គាមនៅអ៊ុយក្រែនជាមួយទាហានសក្តិធំរបស់លោក រួមទាំងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងនាយអគ្គសេនាធិការ Valery Gerasimov ។
រូបភាពដែលបានបញ្ចេញដោយវិមានក្រឹមឡាំង ឃើញលោក Putinជួបលោក Shoigu, Gerasimov និងលោកឧត្តមសេនីយ៍ Sergei Rudskoy នៅទីបញ្ជាការយោធាភូមិភាគត្បូង ស្ថិតក្នុងទីក្រុង Rostov ។
វិមានក្រឹមឡាំង និយាយថា មេបញ្ជាការកំពូល ត្រូវបានគេបង្ហាញគំរូថ្មីនៃគ្រឿងយុទ្ធោបករណ៍ ។ ប្រមុខរដ្ឋ បានឮសេចក្តីរាយការណ៍ពីដំណើរវិវត្តន៍នៃប្រតិបត្តិសឹកពិសេសរបស់រុស្ស៊ី ។
សូមបញ្ជាក់ថា កាលពីខែមុន លោក Putinបានធ្វើដំណើរទៅកាន់ទីបញ្ជាការយោធានៅទីក្រុង Rostovម្តងរួចមកហើយ ជាកន្លែងដែលមេបញ្ជាការទាហានស៊ីឈ្នូល Wagner លោក Yevgeny Prigozhin ចាប់ផ្តើមបះបោរមិនបាន់ជោគជ័យកាលពីខែមិថុនាកន្លងទៅ ។
រយៈពេលជិត ២១ខែនៃសង្រ្គាម បានបំផ្លិចបំផ្លាញយ៉ាងខ្លាំងធនធានយោធាទាំងរបស់រុស្ស៊ី និងអ៊ុយក្រែន ។ ពេលដែលរដូវរងាជិតចូលមកដល់ ការប្រយុទ្ធគ្នា ទំនងជាកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ហើយក្រុមអ្នកវិភាគ រំពឹងតិចតួចប៉ុណ្ណោះចំពោះការផ្លាស់ប្តូរសឹកនៅខ្សែត្រៀមមុខដែលមានចម្ងាយជាង ១ពាន់គ.ម ៕