
ក្រុមកាកបាទក្រហមអន្តរជាតិ បានចាប់ផ្តើមឡើងវិញការអមដំណើរអ្នកជំងឺទៅកាន់ព្រំដែនហ្គាហ្សា ក្រោយបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន បន្ទាប់ពីក្បួនរថយន្តរបស់ពួកគេ រងការបាញ់ប្រហារកាលពីដើមសប្តាហ៍នេះ ។ នេះបើយោងតាមការអះអាងរបស់ប្រធានការិយាល័យប្រចាំតំបន់ហ្គាហ្សា ។
ពួកគេបានចាត់ទុកឧបទ្ទេវហេតុនេះថា ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយនិងបានអំពាវនាវសុំការធានាសុវត្ថិភាព ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលជាអង្គការអព្យាក្រឹតមានមូលដ្ឋាននៅទីក្រុងសឺណែវ ប្រទេសស្វីស បានអមដំណើរអ្នកជំងឺ ហើយនិងជួយដោះលែងចំណាប់ថ្នូរចេញពីតំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងកាលពីរយៈពេលជាង ១ខែមុន ហើយពួកគេត្រូវការការពារ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ។
លោក William Schomburg គឺជាប្រធានគណៈប្រតិភូ ICRC នៅតំបន់ហ្គាហ្សា បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រតិបត្តិការបានផ្អាកកាលពីថ្ងៃពុធ ប៉ុន្តែពួកគេចាប់ផ្តើមវិញហើយកាលពីថ្ងៃព្រហស្បតិ៍ ។
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្គាហ្សា ជាការឆ្លើយតបនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ពេលដែលក្រុមខ្មាន់កាំភ្លើងរបស់ពួកគេ បានសម្លាប់មនុស្សជាង ១.៤០០នាក់ ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា ប្រជាពលរដ្ឋ ១០.៨១២នាក់ បានស្លាប់នៅតំបន់ហ្គាហ្សា ក្នុងនោះប្រហែល ៤០ភាគរយនៃពួកគេគឺជាកុមារ ៕