ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ បានអនុញ្ញាតឱ្យតំណាងអង្គការដើម្បីស្នាមញញឹមនៃកុមារ ដែលគេស្គាល់ជាទូទៅថា អង្គការ PSE ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។.....................
តាមរយៈជំនួបនេះ តំណាងអង្គការ PSE បានស្នើសុំកិច្ចសហការពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីប ង្កើតវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សរបស់ខ្លួន បន្ថែមពីលើជំនាញដែលមានស្រាប់ ដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត។
បច្ចុប្បន្ននេះ អង្គការ PSE កំពុងតែផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សដែលមានជីវភាពក្រក្សត់យ៉ាងហោចណាស់ ៦៥០០នាក់ នៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
តំណាងអង្គការ PSE បានជម្រាបជូនផងដែរថា តាមរយៈជំនួបនៅថ្ងៃនេះ និងខណៈដែលទីផ្សារការ ងារកំពុងតែត្រូវការអ្នកជំនាញផ្នែកកសិកម្ម អង្គការ PSE រំពឹងថា ក្រសួងនឹងពិចារណាផ្ដល់ការគាំទ្រដល់អង្គការ ដើម្បីបណ្ដុះបណ្ដាលសិស្សរបស់ខ្លួន នៅក្នុងវិស័យកសិកម្មនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានស្វាគមន៍ និងបានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួ ងក្នុងការសហការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE។ ការគាំទ្រនោះទៀតសោត ឯកឧត្តមបញ្ជាក់ថា គួរមានការសិក្សាបន្ថែមទៀតថា តើក្រសួងកសិកម្ម និងអង្គការ PSE អាចសហការគ្នាក្នុងទម្រង់បែបណា ដើម្បីឱ្យសិស្សអាចទទួលបានវគ្គបណ្ដុះបណ្ដាលផ្នែកកសិកម្ម ដែលបម្រើដល់សេចក្ដីត្រូវការនៃទីផ្សារការងារពិតប្រាកដ៕ ដោយ៖ គង់ ឌិន




