
អំឡុងពេលថ្លែងសុន្ទរកថា នៅឯវេទិកាហុងកុងស្តីពីទំនាក់ទំនងអាមេរិក-ចិន ឆ្នាំ២០២៣ តាមរយៈវីដេអូអនឡាញ កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក លោក Xie Feng បាននិយាយថា ការវិលទៅកាន់ការស្របមតិគ្នា កាលនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី គឺមានសារៈសំខាន់ណាស់ សម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
ជាមួយនឹងប្រធានបទ «ការផ្លាស់ប្តូរ និងវឌ្ឍនភាព» ព្រឹត្តិការណ៍នេះបានទាក់ទាញប្រតិភូជាង ៤០០នាក់មកពីសហគមន៍យុទ្ធសាស្រ្ត អាជីវកម្ម និងសហគមន៍ផ្សេងទៀតនៃប្រទេសទាំង២។
លោកឯកអគ្គរដ្ឋទូត Xie បាននិយាយថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Joe Biden ហើយជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំង២ សញ្ញាវិជ្ជមានមួយចំនួននៃការមានស្ថិរភាពបន្ថែមទៀត ក្នុងទំនាក់ទំនងចិន-អាមេរិក ត្រូវបានមើលឃើញនាពេលថ្មីៗនេះ។
លោកបានកត់សម្គាល់ថា ភាគីទាំង២ ជឿថា វាមានប្រយោជន៍ និងភាពចាំបាច់ សម្រាប់ប្រទេសទាំង២ ក្នុងការបន្តការសន្ទនា ទាំងការចែករំលែកក្តីសង្ឃឹម ក្នុងការរក្សាស្ថិរភាព និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយភាគីទាំង២ បានយល់ព្រមធ្វើការជាមួយគ្នាឆ្ពោះទៅរកការមានជំនួប រវាងប្រធានាធិបតីទាំង២ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
លោក Xie បានបញ្ជាក់បន្ថែមថា ដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះ វាជារឿងសំខាន់ណាស់ ក្នុងការវិលត្រឡប់ទៅរកការស្របមតិគ្នា នៅកោះបាលី ហើយធ្វើសកម្មភាពយ៉ាងស្មោះត្រង់ ក្នុងការយល់គ្នាទៅវិញទៅមក ដែលមេដឹកនាំទាំង២ សម្រេចបាននៅកោះបាលី៕