
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី បាននាំគ្នាបោសសម្អាតផ្ទះសម្បែងរងការខូចខាតរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យជន់លិចតំបន់ជាច្រើននៅក្នុងទីក្រុងមួយនេះ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ និយាយថា ទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះដែលបានវាយប្រហារប្រទេសសូម៉ាលី បានសម្លាប់មនុស្ស ២៩នាក់ ហើយនិងបង្ខំឲ្យមនុស្សជាង ៣០ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ មកទល់នឹងពេលនេះ ។
នៅក្នុងទីក្រុង Mogadishu អ្នកស្រុកម្នាក់ និយាយថា គ្មានអ្នកស្លាប់ត្រូវបានគេរាយការណ៍នោះទេ ប៉ុន្តែមាននូវការខូចខាតច្រើនណាស់ ។
ក្រុមការងារសង្រ្គោះក្នុងស្រុក បានចំណាយពេលច្រើនម៉ោង ដើម្បីបោសសម្អាតកម្ទេចកម្ទីតាមដងផ្លូវនៅក្នុងរដ្ឋធានី Mogadishu ដែលពាសពេញដោយកាកសំណល់ និងភក់ បង្កឡើងដោយសារទឹកជំនន់ ។
យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញ បានឲ្យដឹងថា រដូវភ្លៀងចាប់ពីខែតុលា ដល់ខែធ្នូ ដែលត្រូវបានគេមើលឃើញមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនមភទូទាំងប្រទេសសូម៉ាលីនេះ គឺបណ្តាលមកពីបាតុភូតអែល នីញ៉ូ ។
បាតុភូតមួយនេះ នឹងធ្វើឲ្យផ្ទៃទឹកនៅតំបន់ភាគកណ្តាល និងតំបន់ភាគកើតមហាសមុទ្រប៉ាស៊ីហ្វិក ប្រែជាក្តៅខុសធម្មតា ហើយនិងបណ្តាលឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅជុំវិញពិភពលោក ៕