
រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាឲ្យមានការជម្លៀសក្មេងៗចេញពីតំបន់មួយចំនួននៅទីក្រុងភាគឦសាន Kupyansk និងតំបន់ជុំវិញ ដែលរងការផ្លោងគ្រាប់កាំភ្លើងធ្ងន់ធ្ងរពីរុស្ស៊ី ។
ទីក្រុង Kupyansk បន្តស្ថិតនៅក្នុងចំណោមតំបន់ដ៏សកម្មបំផុតនៃការប្រយុទ្ធគ្នានៅលើខ្សែត្រៀមភាគខាងកើតជាមួយទាហានរុស្ស៊ី ដែលព្យាយាមដណ្តើមទីក្រុងមួយនេះមកវិញ ដោយសារតែជាមជ្ឈមណ្ឌលភស្តុភារ និងផ្លូវដែកដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់យោធា ។
ក្រុមមន្រ្តីនគរបាល បានដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយនៅក្នុងទីក្រុង Kupyansk ដើម្បីបញ្ចុះបញ្ចូលឪពុកម្តាយឲ្យពួកគេរត់គេច ដោយសារតែការផ្លោងគ្រាប់កាំភ្លើងកើនឡើងរបស់រុស្ស៊ីនៅតំបន់នោះ ។
កាលពីថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាឲ្យជម្លៀសកុមារប្រហែល ២៧០នាក់ ចេញពីទីក្រុងមួយនេះ ។
លោក Anton Synelnyk គឺជាមន្រ្តីនគរបាលនៅតំបន់ Kharkiv និយាយថា ពួកគេបានប្រឈមនឹងបញ្ហាជាច្រើន ក្នុងការជម្លៀសក្មេងៗចេញ ។
លោកនិយាយថា ឪពុកម្តាយមួយចំនួនពួកគេពុំព្រមបើកទ្វារនោះទេ ពួកគេពុំឆ្លើយតបនឹងការទូរស័ព្ទរបស់នគរបាល ពួកគេពុំព្រមលើកទូរស័ព្ទ ឬនិយាយថា កូនៗរបស់ពួកគេមានបានចាកចេញទៅអស់ហើយឬនៅ ។ ប៉ុន្តែពួកយើងនៅតែឃើញមានក្មេងៗនៅថ្ងៃបន្ទាប់ ។
លោកបន្តថា ឪពុកម្តាយភាគច្រើននិយាយថា ពួកគេមិនចង់ចាកចេញពីផ្ទះរបស់ពួកគេនោះទេ ដោយសារតែពួកគេគ្មានប្រាក់ចំណាយសម្រាប់ការរស់នៅកន្លែងផ្សេង ៕