រុស្ស៊ី ៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយពលរដ្ឋរុស្ស៊ីជាង ៤១ម៉ឺននាក់ បានចុះហត្ថលេខាលើកិច្ចសន្យាចូលបម្រើកងទ័ពរុស្ស៊ី ចាប់តាំងពីដើមឆ្នាំនេះ ។
នៅក្នុងវីដេអូដែលបានបញ្ចេញនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃព្រហស្បតិ៍ ឃើញលោក Medvedev ដែលបច្ចុប្បន្នគឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបជាមួយក្រុមមន្រ្តីយោធាកំពូលៗរុស្ស៊ីនៅលើទីលានហ្វឹកហាត់ Alabino ស្ថិតនៅជិតទីក្រុងម៉ូស្គូ ជាទីដែលរូបលោកបង្ហាញគ្រឿងយុទ្ធោបករណ៍ថ្មីៗ ។
លោកនិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំនេះ រហូតមក សរុបមានពលរដ្ឋរុស្ស៊ីប្រហែល ៤១ម៉ឺននាក់ ត្រូវបានជួលសម្រាប់កិច្ចសន្យា ។ ការងារដែលទាក់ទាញមន្រ្តីយោធាឲ្យចុះហត្ថលេខាលើកិច្ចសន្យានេះ នឹងបន្តទៀតនៅឆ្នាំក្រោយ ។
លោក Medvedev បន្តថា ឧស្សាហកម្មយោធារបស់ពួកយើង ពុំដែលមើលឃើញកម្រិតបែបនេះនោះទេ ចាប់តាំងពីដំណាច់សង្រ្គាមលោកលើកទី ២ ។ ពួកយើងត្រូវការទទួលស្គាល់ការពិតថា វាពិតជាលឿនជាងការរំពឹងទុកមែន ។ កំណើនផលិតផលយោធា គ្រឿងយុទ្ធោបករណ៍ពិសេស មានន័យថា ការបំផ្លាញនឹងកើនឡើងផងដែរ ។ សត្រូវរបស់ពួកយើងត្រូវតែរាប់បញ្ចូល ៕

