ឥណ្ឌា ៖ រដ្ឋមន្រ្ដីជាន់ខ្ពស់ពីររូបនៃគណៈរដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ដោយសង្កត់ធ្ងន់ពីតម្រូវការនៃការពង្រឹងមិត្ដភាពរបស់ពួកគេបន្ថែមទៀត ដើម្បីអាចចាត់វិធានការបន្ទាន់
ទៅនឹង បញ្ហាប្រឈមជាសកល ហើយនិងបញ្ហាភូមិសាស្រ្ដនយោបាយ។
កិច្ចសន្ទនាដែលគេហៅថាជាកិច្ចប្រជុំពីរបូកពីរ(2+2)ប្រចាំឆ្នាំរវាងរដ្ឋមន្រ្ដីកាបរទេសអាមេរិក លោកអង់តូនី ប្ល៊ីង ខិន និងរដ្ឋមន្រ្ដីការពារជាតិលោក ឡយ អូស្ទីន(Lloyd Austin) ហើយនិងសមភាគីឥណ្ឌា គឺរដ្ឋមន្រ្ដីកាបរទេស ស៊ូប្រាម៉ាន់យ៉ាំ ចាយសាំងកា (Subrahmanyam Jaishankar) និងរដ្ឋមន្រ្ដីកាពារជាតិ លោក រ៉ាតណាត ស៊ីង (Rajnath Singh) ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្ដការវិស័យការពារជាតិ និងការឯកភាពគោលនយោបាយរបស់ប្រទេសទាំងពីរ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រុមមន្រ្ដី និងអ្នកវិភាគបាននិយាយថា ទោះជា ក្រុងវ៉ាស៊ិនតោន បានកាន់កាប់ជាមុនរួចទៅហើយនៅក្នុងសង្រ្គាមតំបន់ហ្កាហ្សា និងអ៊ុយក្រែនក៏ដោយ ក៏កិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ត្រូវគេរំពឹងថានឹងផ្ដោតបន្ថែមទៅលើ ដំណើរឆ្ពោះទៅរកទំនាក់ទំនងវិស័យការពារជាតិឥណ្ឌា-អាមេរិក និងទំនាក់ទំនងជាយុទ្ធសា្រស្រ្ដ និងបញ្ហាតំបន់ ក្នុងតំបន់អាស៊ីខាងត្បូង និងតំបន់មហាសមុទ្រឥណ្ឌាកាន់តែមានវិសាលភាពធំជាងមុន។
លោកឡយ អូស្ទីន បាននិយាយថា វាពិតជាមានសារៈសំខាន់ជាងពេលមុន ដែលប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតទាំងពីរក្នុងពិភពលោក បានផ្លាស់ប្ដូរទស្សនៈគ្នាដើម្បីស្វែងរកគោលបំណងរួម និងបញ្ជូនសារទៅកាន់ប្រជាជនរបស់យើងនៅក្នុងការទប់ទល់ជាបន្ទាន់នឹងបញ្ហាប្រឈមជាសកល។
លោកចាយសាំងកា បាននិយាយថា ការសន្ទនា នឹងជួយបង្កើតឲ្យមានភាពជាដៃគូដែលកំពុងទន្ទឹងរងចាំជាយូរមកហើយ ខណៈដែលយើងបានបង្កើតឲ្យមានរបៀបវារៈសកលរួមគ្នាមួយ។
ទំនាក់ទំនងឥណ្ឌា-អាមេរិកកាន់តែរឹងមាំជាងមុនលើវិស័យជាច្រើនក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្ដែក្រុងញូដេលីថែមទាំងបានការពារនូវទំនាក់ទំនងដែលមានជាយូរមកហើយជាមួយប្រទេសរុស្ស៊ីដោយប្រុងប្រយ័ត្ន ជាពិសេសគឺការខឹងសម្បាររបស់លោកខាងលិច ខណៈដែលសង្រ្គាមអ៊ុយក្រែននៅតែអូសបន្លាយនោះ៕

